ភ្នំពេញ: កាន់តែកៀកថ្ងៃបោះឆ្នោត គណបក្សនីមួយៗបន្ដធ្វើការ ឃោសនាដើម្បីរកសំឡេងគាំទ្រ យើង ឃើញថា នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០១៣ គណបក្សសម្ព័ន្ធដើម្បីប្រជា ធិបតេយ្យ បានហែក្បួនធំជាងពេលហែបើកឆាកទៅ ទៀតតាមផ្លូវសំខាន់ៗ នៅក្នុងរាជធានីក្រុងភ្នំពេញ ហើយមាន សមាជិករាប់ពាន់នាក់មកពីគ្រប់ទិសទី ចូលរួមក្នុងយុទ្ធនាការនេះ។
ក្បួនចេញដំណើរពីស្នាក់ការ កណ្ដាលនៅក្នុងខណ្ឌទួលគោក ដោយ ធ្វើដំណើរកាត់តាមផ្លូវសំខាន់ៗជាច្រើន ក្នុងក្រុងភ្នំពេញ ។ ជាមួយនឹងការហែ នេះក៏មានសមាជិកខ្លះជិះ កង់ ម៉ូតូកង់បី ម៉ូតូ រថយន្ដតូចធំ រាប់រយគ្រឿងដង្ហែ តាមដងផ្លូវមានរបៀបរាប់រយ និង សណ្ដាប់ធ្នាប់ល្អ មិនមានការស្រែកឮ ប្រឈមមុខដាក់គ្នានៅពេលដែលមាន ក្បួនរបស់គណបក្សផ្សេងៗមកប្រសព្វ គ្នា ។ សមត្ថកិច្ចក៏ជួយសម្រួលចរាចរ តាមដងផ្លូវបានល្អ ជាមួយគ្នានោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏មានក្រុមការងារយុវជនជួយសម្រួល ចរាចរនៅតាមផ្លូវឆ្លងកាត់នានាក្នុង ពេលហែ ។
អគ្គលេខាបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យលោក អោក វ៉េត បានឱ្យ រស្មីកម្ពុជាដឹងថា សមាជិកដែលមក ចូលរួមលើកនេះលើសចំនួននៃការ គ្រោងទុក ព្រោះយើងស្មានចំនួនអ្នក ហែប៉ុណ្ណេះ តែដល់ពេលហែវាមានចំនួន លើសច្រើនពីការគិត ។ ដំបូង ឡើយលោកគិតថា ចំនួនអ្នកចូលរួមមាន រថយន្ដធុនធំ២៥គ្រឿង រថយន្ដតូច ៣០គ្រឿង ម៉ូតូកង់បី៣០គ្រឿង និង ម៉ូតូ៤០០គ្រឿងតែប៉ុណ្ណោះ ។
លោកបានបន្ដថា ក្នុងពេល ហែក្បួនឃោសនាគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យបានរៀបចំមាន ក្រុមការងារដូចជា ផ្នែកសង្គ្រោះបឋម ក្រុមរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ក្រុម ចុះចែកខិត្ដប័ណ្ណ ។ លោកក៏បានអំពាវ នាវដល់ប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ គ្រប់ៗ គ្នា ហើយបោះជូនគណបក្សរបស់លោក មានលេខរៀងទី៨ នៅក្នុងសន្លឹកឆ្នោត ដែលមានគោលនយោបាយប្រាំបីចំណុច សម្រាប់អភិវឌ្ឍប្រទេសជាតិ។
អគ្គលេខាបក្សរូបនេះបន្ថែម ទៀតថា បន្ទាប់ពីចប់យុទ្ធនាការនៅក្រុង ភ្នំពេញ គណបក្សលោកនឹងបន្ដទៅ ឃោសនាខេត្ដបាត់ដំបង និងសៀមរាប ក្នុងទ្រង់ទ្រាយធំដូចគ្នានេះដែរ នៅថ្ងៃ ទី២៥២៦ខែកក្កដាឆ្នាំ២០១៣ ។
គួរបញ្ជាក់ថា នេះជាលើកទី២ ដែលមានការហែក្បួនធំៗនៅក្នុង រាជធានីភ្នំពេញ ហើយនឹងបន្ដហែ លក្ខណៈតូចៗជារៀងរាល់ថ្ងៃដោយ មានការបញ្ចាំងស្លាយ និងពន្យល់ពី គោលការណ៍បក្ស ។ ចាប់តាំងពីថ្ងៃបើក យុទ្ធនាការឃោសនាបោះឆ្នោតគិត ត្រឹមថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៣ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនមានពាក្យបណ្ដឹងណាមួយ ចូលទៅ គ.ជ.ប. នោះឡើយ ប៉ុន្ដែមិនមែនអស់ បញ្ហានោះទេ ដោយសារគណបក្សនេះ មានការអត់ឱន និងយោគយល់។
ប្រភពពី៖ កាសែតរស្មីកម្ពុជា









0 comments:
Post a Comment