![]() |
| សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅភ្នំពេញ |
គណបក្សតូចៗមានឱកាសតិចតួចក្នុងការបោះឆ្នោតលើកនេះ
ភ្នំពេញៈ អ្នករាល់គ្នាគួរដាំដើមឈើ ហើយជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់នៅកម្ពុជា គួរប្រមូលនិងដាក់នៅក្នុងជំរំភៀសខ្លួនធំមួយ ទាំងនេះគឺជាសារនយោបាយពីរដែលបានលើកឡើងដោយលោក ក្រវាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ។
បង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ២០០៧ គណបក្សខ្មែរឈប់ក្រ បានឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំ ២០០៨ និងក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំមុន ប៉ុន្តែពុំទទួលបានអាសនៈទេ។ នៅពេលសួរអំពីឱកាស ដែលគណបក្សរបស់លោក អាចឈ្នះអាសនៈក្នុងការបោះឆ្នោតលើកនេះឬអត់ មេបក្សរូបនេះ បានដកដង្ហើមធំ។
លោក ដារ៉ន បានថ្លែងថា៖«វាមិនអាចទេ ព្រោះគណបក្សប្រជាជនគ្រប់គ្រងគ្រប់យ៉ាង»។ ដោយមានឱកាសតិចតួច ក្នុងការទទួលបានជោគជ័យ ក្នុងការបោះឆ្នោត តើគណបក្សខ្មែរឈប់ក្រ សង្ឃឹមនឹងសម្រេចអ្វីខ្លះ តាមរយៈការឈរឈ្មោះនេះ? ដូចមេដឹកនាំគណបក្សតូចៗដទៃទៀតដែរ លោក ដារ៉ន បានថ្លែងថា លោកចង់បញ្ចូលទស្សនៈថ្មី ក្នុងនយោបាយខ្មែរ។ ប៉ុន្តែអាចជាការផ្ទុយទៅវិញ គឺលោកស្ទាក់ស្ទើរមិនបញ្ចេញសេចក្តីលម្អិត អំពីគំនិតខុសធម្មតារបស់លោកឡើយ។ លោកបានថ្លែងថា លោកខ្លាចគណបក្សដទៃទៀត លួចយកគំនិតទាំងនោះ។
លោក ស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការ គណបក្សខ្មែរឈប់ក្រ បានថ្លែងថា ពេលលោកជួបលោក ដារ៉ន លើកដំបូង នៅរដ្ឋ កាលីហ្វ័រនីញ៉ា លោកគិតថា៖ «គាត់ជាបុរសដែលអាចដឹកនាំប្រទេសបាន»។ ប៉ុន្តែ លោក ដារ៉ន និងគណបក្សរបស់លោក មិនមានឱកាសនោះឡើយពេលនេះ ខណៈដែលគណបក្សប្រជាជន ខិតខំរក្សាអាសនៈ ២ ភាគ ៣ ក្នុងរដ្ឋសភា ដែលមានអាសនៈសរុប ១២៣ នោះ។
គណបក្សខ្លាំងក្នុងចំណោមគណបក្សតូចៗ
ដូចគណបក្សខ្មែរឈប់ក្រ ផងដែរ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ពុំដែលឈ្នះអាសនៈរដ្ឋសភាពីមុនមកទេ។ តាមពិតគណបក្សខ្មែរ អភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ពុំបានឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំ ២០០៨ទេ។ នោះជាមូលហេតុដែលអ្នកវិភាគនយោបាយដូចលោកស្រី ជា វណ្ណាត បានថ្លែងអំពីគណបក្សទាំងប្រាំនេះថា មានតែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទេដែលមានឱកាសក្នុងការឈ្នះមួយអាសនៈបើទោះបីសំណាងហាក់ដូចនៅឆ្ងាយក៏ដោយ។
ក្នុងឆ្នាំ ២០០៨ គណបក្ស សម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ បានឈ្នះសំឡេង ១ ភាគរយ ដោយទទួលបាន ៦៨៩០៩ សំឡេង ចំណែកឯគណបក្សខ្មែរឈប់ក្រ ទទួលបាន ៩៥០១ សំឡេង។ កាលពីឆ្នាំមុន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឈ្នះអាសនៈឃុំ សង្កាត់ ចំនួន ៨។ បើទោះបីនេះពុំមានអ្វីអាចប្រៀបធៀបបាន នឹងគណបក្សធំៗក៏ដោយ ក៏ប៉ុន្តែចំនួននេះ ញែកគណបក្សនេះ ឲ្យដាច់ពីគណបក្សតូចៗដទៃទៀត។ បន្ថែមពីលើភាពចាស់ទុំរបស់ខ្លួន គឺបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានប្រៀបដោយសារលោក ខឹម វាសនា ប្រធានគណបក្ស ធ្លាប់ជាអតីតតំណាងរាស្រ្តមកពីគណបក្ស សម រង្ស៊ី។
នាពេលថ្មីៗនេះ លោក ខឹម វាសនា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោកបានចាកចេញពីគណបក្ស សម រង្ស៊ី ព្រោះលោកនឿយណាយនឹងការស្រេកឃ្លានអំណាចរបស់អ្នកនយោបាយ។
លោក វាសនា បានថ្លែងថា៖ «ខ្ញុំបានប្រាប់មេដឹកនាំខ្ញុំ លោក សម រង្ស៊ី ថា លោកល្បីឈ្មោះដូច្នេះលោកត្រូវតែស្មោះត្រង់ ហើយមេដឹកនាំគណបក្សខ្ញុំ បានបដិសេធ ព្រោះចរិតគាត់ និងចរិតខ្ញុំខុសគ្នា»។ «យើងទាំងពីរជាបក្សប្រឆាំង ប៉ុន្តែខ្ញុំមានវិធីផ្សេង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល។ គោលនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្រ្តី។ គណបក្ស សម រង្ស៊ីគ្រាន់តែចង់ផ្លាស់ប្តូរនាយករដ្ឋមន្រ្តី»។
ការកម្រិត អំណាចរបស់នាយករដ្ឋមន្រ្តីគឺជាចំណុចផ្តោតសំខាន់របស់គណបក្ស សម្ព័ន្ធប្រជាធិបតេយ្យ។ គោលបំណងជាក់លាក់រួមមានការរឹតត្បិតអាណតិ្តរបស់នាយករដ្ឋមន្រ្តី ត្រឹមពីរអាណតិ្ត (១០ ឆ្នាំ) ហាមឃាត់នាយករដ្ឋមន្រ្តី កុំឲ្យតែងតាំងអង្គរក្សផ្ទាល់ខ្លួន តម្រូវឲ្យនាយករដ្ឋមន្រ្តី ស្នាក់នៅក្នុងផ្ទះដែលផ្តល់ដោយរដ្ឋ និងបង្កើតតុលាការពិសេសដើម្បីត្រួតពិនិត្យលើការកម្រិតទាំងនេះ។
លោក គុណ សាក់ឌីន អាយុ ២៦ឆ្នាំ ជាបេក្ខជនទី១ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ខេត្ត កំពង់ចាម បានថ្លែងថា៖ «ខ្ញុំមិនអាចនិយាយថា តើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឈ្នះសំឡេងបានប៉ុន្មានទេ ប៉ុន្តែរឿងសំខាន់គឺយើងមានការផ្តល់សារច្បាស់លាស់អំពីគោលនយោបាយរបស់យើង ហើយព័ត៌មានទាំងនោះ បានទៅដល់ប្រជាជន»។
លោក វាសនា បានថ្លែងថា៖ «យើងពន្យល់ប្រាប់បេក្ខជនថា នយោបាយ មិនមែនជាពាណិជ្ជកម្មទេ! យើងមិនជ្រើសរើសបេក្ខជនឲ្យចូលរួមនយោបាយព្រោះគេចង់ល្បីឈ្មោះនោះទេ។ នយោបាយមិនមែនបែបនោះទេ»។
ខិតខំដើម្បីសំឡេង
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏ចង់ធ្វើកំណែទម្រង់ច្បាប់បោះឆ្នោតផងដែរ ដូច្នេះអាសនៈជាច្រើននឹងត្រូវចែកទៅឲ្យគណបក្សនីមួយៗថែមទៀត ស្របនឹងសំឡេងឆ្នោត ដែលគណបក្សបានទទួល។ ចាប់តាំងពីការបោះឆ្នោតឆ្នាំ ១៩៩៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្តើមប្រើប្រាស់រូបមន្តបែងចែកអាសនៈ ដែលផ្តល់អាសនៈច្រើន ដល់គណបក្សទទួលបានសំឡេងច្រើនបំផុត។
លោក គល់ បញ្ញា នាយកអង្គការខុម ហ្វ្រែល បានថ្លែងថា នេះមានន័យថា គណបក្សតូច ដែលអាចទទួលមួយសំឡេងឬពីរសំឡេង ពុំអាចឈ្នះទេ បើទោះបីជាលោកស្រី Laura Thornton នាយកវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ប្រចាំកម្ពុជា គិតថា គណបក្សតូចទាំង ៥ មិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីទទួលបានអាសនៈតាមរូបមន្តនោះក្តី។
លោក បញ្ញា បន្ថែមលើបញ្ហាប្រឈមនេះថា គណបក្សតូចៗ«ជួបការលំបាកផ្នែកធនធានឬលទ្ធភាពប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ ...។ អ្នកដឹងទេ គណបក្សធំៗ តែងតែធ្វើការងារច្រើន ដោយបង្កើតបណ្តាញ និងសកម្មភាពនយោបាយ ប៉ុន្តែ គណបក្សតូចៗ មិនអាចត្រូវបានប្រជាជនស្តាប់ឮច្រើនទេរវាងពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយទៀត ហើយក្នុងអំឡុងពេលបោះឆ្នោត ពួកគេមិនអាចធ្វើយុទ្ធនាការឃោសនាខ្នាតធំឡើយ»។
ក្នុងបរិយាកាសពិបាកនេះគណបក្សកាន់តែតិចបានចូលរួមប្រកួតក្នុងការបោះឆ្នោតលើកនេះ។ គណបក្ស ៣៦ ឈរឈ្មោះក្នុងឆ្នាំ ១៩៩៨ និង ២៣ ក្នុងឆ្នាំ ២០០៣ ចុះមក ១១ ក្នុងឆ្នាំ ២០០៨ និង ៨ ក្នុងឆ្នាំនេះ ដោយសារពួកគេទទួលបានសំឡេងកាន់តែតិចទៅៗ។
ដោយសារមូលហេតុ នេះ អ្នកវិភាគឯកភាពគ្នាថា វាមិនអាចទេ ដែលគណបក្សតូចៗនឹងទាក់ទាញអ្នកបោះឆ្នោតជាច្រើននាក់ ដែលគាំទ្រគណបក្សប្រជាជន ឬគណបក្សសង្គ្រោះជាតិ ដោយពួកគេបន្ថែមថា អ្នកទាំងឡាយ ដែលគេបញ្ចុះបញ្ចូលឲ្យចូលរួមអាចជាអ្នកគាំទ្រគណបក្សប្រជាជន ឬគណបក្សសង្គ្រោះជាតិ។
លោក សុន ឆ័យ អ្នកតំណាងរាស្រ្តបក្សប្រឆាំង បានថ្លែងផងដែរថា គណបក្សសង្គ្រោះជាតិ ពុំ បារម្ភខ្លាំងអំពីគណបក្សតូចៗទេ ប៉ុន្តែលោកបានសម្តែងនូវការរំខានខ្លះៗ។
លោកថ្លែងថា៖ «ពួកគេគ្មានសកម្មភាពនយោបាយហើយភ្លាមៗហក់ចូលមក ចំពោះយើង វាគ្មានប្រយោជន៍ទេ»។ ដោយបន្តនិយាយស្រាលជាងមុន លោក បានឲ្យដឹងថា៖ «ជាទូទៅខ្ញុំគិតថា យើងចាំបាច់លើកទឹកចិត្តពួកគេ ព្រោះកម្ពុជាគួរមានគណបក្ស និងអ្នកតំណាងច្រើននៅក្នុងសភា ... ប៉ុន្តែយើងឆ្ងល់ថា តើមានរបៀបវារៈលាក់បាំងនៅពីក្រោយគណបក្សទាំងនេះឬយ៉ាងណា? រឿងខ្លះយើងគិតថា ពួកគេគ្រាន់តែបង្កើតឡើង ដោយគណបក្សកាន់អំណាចដើម្បីធ្វើឲ្យមានការភាន់ច្រឡំដល់ប្រជាជនប៉ុណ្ណោះ»។
លោក ឆ័យ បានបដិសេធមិនបញ្ជាក់ឈ្មោះ គណបក្សតូច ដែលលោកសង្ស័យថា ត្រូវបានបង្កើតឡើងដោយបក្សកាន់អំណាចឡើយ ដោយលោកបញ្ជាក់ថា៖ «ខ្ញុំមិនចង់ប្រឈមនឹងពួកគេទេ»។
នៅពេល សួរអំពីសេចក្តីថ្លែងរបស់លោក ឆ័យ លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យគណបក្សប្រជាជន បានឆ្លើយតបថា៖ «អ្នករាល់គ្នាមានសេរីភាពក្នុងការបង្កើតគណបក្សនយោបាយ ប៉ុន្តែហេតុអ្វីគណបក្សប្រជាជន ត្រូវខ្ជះខ្ជាយប្រាក់ទៅបង្កើតគណបក្សដទៃទៀត»។ ដោយគ្មានអ្វីច្រើនត្រូវនិយាយអំពីគណបក្សតូចៗ លោក កាញារីទ្ធ បានបន្ថែមថា៖«ទុកឲ្យគណបក្សល្អបំផុតឈ្នះឆ្នោត»។
ការពង្រីកកិច្ចពិភាក្សា
មេដឹកនាំគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានថ្លែងថា ពួកគេរំពឹងថា នឹងឈ្នះយ៉ាងហោចណាស់ ១ អាសនៈ ក្នុងខេត្ត ទាំង ៧ ដែលពួកគេឈរឈ្មោះ គឺខេត្ត កំពត តាកែវ កណ្តាល ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្ត កំពង់ចាម។
ក្នុងកិច្ចពិភាក្សាតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចដែលជាគណបក្សទើបតែបង្កើតកាល ពី៧ ខែមុនបានរៀបរាប់អំពីគោលនយោបាយរបស់ខ្លួនទន្ទឹមនឹង ជើងចាស់ គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ។
លោក ហួន រាជចំរើន ពាណិជ្ជករមានទ្រព្យ និងជាប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលចំណាយលើសកម្មភាពគណបក្សរបស់ខ្លួនដោយខ្លួនឯងនោះ បានថ្លែងអំពីការអភិវឌ្ឍ និងការបង្កើតការងារ ដោយលោកបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សលោក អ្នក «មិនក្លាយជាអ្នករត់ម៉ូតូឌុបទេ» ហើយបានប្រដូចអំពើពុករលួយរបស់មន្រ្តីរាជការ ដែលគ្មានប្រាក់ខែគ្រប់គ្រាន់ទៅនឹងអំពីចោរកម្ម ដូចជនរងគ្រោះអត់ឃ្លាននៃរបបខ្មែរក្រហម។
គណបក្សពីរទៀត គឺគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសញ្ជាតិជាតិកម្ពុជា មានគោលនយោបាយទូលំទូលាយ ប៉ុន្តែថ្លែងថា មេដឹកនាំពួកគេ ញែកយ៉ាងច្បាស់។
លោកស្រី សុខរតន៍ សុវណ្ណ បញ្ចសិលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានទាក់ទាញការគាំទ្រជាស្រ្តី ប្រធានគណបក្សចំណែកឯប្រធានគណបក្សសញ្ជាតិជាតិកម្ពុជា លោក សេង សុខហេង បានថ្លែងថា គណបក្សលោក ក្នុងពេលឆាប់ៗ នឹងលេចធ្លោ នៅពេលព្រះសង្ឃចូលជំនួសលោក ក្នុងឋានៈជាប្រធាន។ ប៉ុន្តែគណបក្សទាំងពីរ បានខកខាន ក្នុងការចូលរួមព្រឹត្តិការណ៍មួយចំនួនដែលផ្តល់ឱកាសដ៏កម្រដល់ ពួកគេ ក្នុងការបញ្ចេញសំឡេងរបស់ខ្លួន។ ដូចគណបក្សប្រជាជនដែរ គណបក្សសញ្ជាតិកម្ពុជាបានខកខានក្នុងការឆ្លើយតបនឹងការអញ្ជើញ របស់អង្គការតម្លាភាពអន្តរជាតិកាលពីខែមុនឲ្យចុះហត្ថលេខាលើកិច្ចសន្យាប្រឆាំងអំពើពុករលួយ។
ចំពោះគណបក្សខ្មែរឈប់ក្រ វិញ លោក វណ្ណារិទ្ធ អគ្គលេខាធិការប៉ាន់ស្មានថា គណបក្សរបស់លោកមានសមាជិកកន្លះលាននាក់ដែលមានន័យថា គឺជាការកើនឡើង ពីសំឡេងឆ្នោតតិចជាង ១ម៉ឺនសំឡេង កាលពីឆ្នាំ ២០០៨ ហើយនឹងមានដើមឈើច្រើនថែមទៀត។ លោកបន្តថា៖«គោលបំណងគឺមិនមែនគណបក្សនេះប្រឆាំងគណបក្សដទៃទៀតទេ។ គោលបំណងគឺធ្វើការរួមគ្នាដើម្បីប្រទេស»៕ TK










0 comments:
Post a Comment